សន្និសិទ្ធកំពូលសារព័ត៌មានអាស៊ីលើកទី១៦ចេញ សេចក្តីថ្លែងការណ៍រួម ដោយរួមគ្នាប្រ​ឆាំងព័ត៌​មានក្លែងបន្លំ ក្នុងយុគសម័យឌីជីថល

សន្និសីទកំពូលសារព័ត៌មានអាស៊ី(AMS) លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប ទឹកដីអង្គរពីថ្ងៃទី១០-១៣ខែមិថុនាឆ្នាំ២០១៩នេះចេញសេ​ចក្តីថ្លែងការណ៍រួមដោយរួមគ្នាប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងយុគសម័យឌីជីថល សំដៅបង្កើនគុណភាព ប្រសិទ្ធភាព ក្នុងវិស័យព័ត៌មាន ពិសេសផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ អ្នកមើលនិងអ្នកអាន។ចេញសេចក្តីថ្លែងការណ៍ដែលថ្លែងដោយលោកមាសសុភណ្ឌអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅល្ងាចថ្ងៃទី១៣ ខែមិថុនានេះ បានបញ្ជាក់ថា ១. នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ រដ្ឋមន្ត្រីព័ត៌មានមកពីប្រទេសបង់ក្លាដេស កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន រួមទាំងប្រធានគណៈកម្មាធិការទំនាក់ទំនង និងព័ត៌មាននៃប្រទេសកូរ៉េ និងអនុរដ្ឋមន្ត្រីព័ត៌មាននៃប្រទេសសាម៉ាវ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសកម្ពុជា ក្នុងគោលបំណងរួមគ្នាដោះស្រាយនូវបញ្ហាសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសពិភាក្សាពីមធ្យោបាយក្នុង ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានា និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។
២. រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់បានព្រមព្រៀងគ្នាដាក់ឲ្យដំណើរការ “គំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយអង្គរ” (Angkor Fake News Initiative) ដែលជាគម្រោងស្រាវជ្រាវរយៈពេលមួយឆ្នាំលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។ វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) និងអង្គការយូណេស្កូ នឹងសហការក្នុងភាពជាដៃគូជាមួយសមាជិក និងដៃគូរបស់វិទ្យាស្ថាន ABD ដ៏ទៃទៀត នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។លទ្ធផលនៃការស្រាវជ្រាវនិងអនុសាសន៍នានានឹងជួយបង្កើតយន្តការច្បាប់មួយនៅក្នុងបណ្តាប្រទេសជាសមាជិក និងប្រទេសដ៏ទៃទៀត ដើម្បីជាវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃព័ត៌មានក្លែងក្លាយ ដែលឥឡូវនេះកំពុងរីករាលដាលនៅគ្រប់ទីកន្លែងលើពិភពលោក។
៣. រដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ក៏បានសម្រេចចិត្តយកសន្និសីទ កំពូលសារព័ត៌មានអាស៊ីដែលជាព្រឹត្តិការប្រចាំឆ្នាំ ជាវេទិកាអចិន្ត្រៃយ៍សម្រាប់រដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗក្នុងប្រព័ន្ធផ្សព្វផ្សាយរួមមាន បញ្ហាប្រឈម និងកាលានុវត្តភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
៤. រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីថ្នាក់ព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក និងមានការចូលរួមពីបណ្តាដៃគូសំខាន់ៗនៃវិទ្យាស្ថាន AIBD នៅប្រទេសសាម៉ាវ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក៏បានឯកភាពគ្នាជាឯកច្ឆ័ន្ទថាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវការផែនទីបង្ហាញផ្លូវ (Road Map) ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ហើយយើងទាំងអស់គ្នាគួររួបរួមគ្នាក្នុងបុព្វហេតុនេះដើម្បីការពារ និងរក្សាសង្គមមួយប្រកបដោយវិបុលសុខ និងបរិយាបន្ន។វិទ្យាស្ថានAIBDនឹងបញ្ជូនសំណើទៅប្រទេសសាម៉ាវក្នុងរយៈពេល១៥ថ្ងៃដើម្បីធានាការសម្រេចបាននូវកិច្ចប្រជុំនេះ។
៥. ក្រៅពីវិធានការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក៏បានយល់ព្រមពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាតើគួរជួយសហគមន៍ដែលមិនទាន់ទទួលអត្ថប្រយោជន៍ពីការធ្វើឌីជីថលភាវូបនីយកម្មដោយរបៀបណា។ ជាការចាំបាច់ក្នុងត្រួតពិនិត្យឡើងវិញ ពីតួនាទីប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងការគាំទ្រ និងផ្តល់នូវជំនួយដល់ក្រុមដែលជួបការលំបាកនៅក្នុងសង្គម។
៦. រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រីករាយចំពោះកិច្ចសហការ និងការគាំទ្ររបស់លោកអ្នក៕