ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ​មិនគួរបណ្តោយលោក កើត ដារ៉ាស៊ីមេនគរ​បាល​អន្តោប្រវេសន៍ច្រក​ទ្វារអន្ត​រជា​តិ ត្រពាំងស្រែ​ប្រព្រឹត្តអំពើពុករលួ​យតាមអំពើចិត្ត

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្តក្រចេះ បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ និង​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​នាំចេញ​ឈើ​និង​ធ្យូង​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ហើយ​ឈ្មួញ​ធំៗ​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ដូចជា​មេ​ឈ្មួញ តុ​ប វី​ដា មេ​ឈ្មួញ សឹង សំអុល និង​ឧកញ៉ា ជ័យ ជាដើម​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មន្ត្រីនគរបាល​ក្នុង​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក កើត ដា​រ៉ាស៊ី ជាបន្ទាន់​ព្រោះ​សកម្មភាព​ទាំងនោះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​នគ​បាល​ជាតិ​ទាំងមូល​ផងដែរ។

ថ្មីៗនេះនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់វិធានការ​ទៅលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រោយពេល​ប្រជាពលរដ្ឋ​លាតត្រដាង​រឿងអាស្រូវ​របស់លោក ខូង ទីន និង​បក្ខពួក​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​សម្រាប់​លោក កើត ដា​រ៉ាស៊ី មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មិនទាន់​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនី​យ័ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ដូច​លោក ខូង ទីន នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី នៅតែ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយ​ប្រើប្រាស់​ឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់ខ្លួន​ទៀតផង​។

​ ​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​លោក កើត ដា​រ៉ាស៊ី មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ នៅតែ​ប្រើ​អំណាច​គាប​យកលុយ​ពី​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ស្រេច​តែ​អំពើ​ចិត្ត​។ បើទោះបី​ឈ្មួញ​ខ្លះ​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ក្បាល​រថយន្ត​ឬ​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​តាម​ការកំណត់​នោះឡើយ ដើម្បី​ចៀស​ផុតពី​ការរំខាន​។ ដោយសារ​លោក កើត ដា​រ៉ាស៊ី ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​គាប​យកលុយ​ពី​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ កាន់តែ​ច្រើនឡើងៗ​ទើប​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​មួយរយៈ​កន្លងទៅនេះ​។