កម្ពុជានឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ

រាជធានីភ្នំពេញ៖ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

នេះបើយោងតាមការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយបន្ដគ្របដណ្ដប់លើកម្ពុជា និងខ្យល់ដែលបក់មកពីទិសអាគ្នេយ៍ មកពីសមុទ្រចិនខាងត្បូង បាននាំនូវសំនើមមកជាមួយ ដែលលក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ចាប់ពីថ្ងៃទី០៧-១១ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ចាប់ពីថ្ងៃទី០៧-០៩ ខែធ្នូ៖ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕